យុវជន៩០ចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មខ្ញុំ ឆ្នាំ២០២៥


បាត់ដំបង៖ គ្រូដឹកនាំមួយរូប សិស្សថ្នាក់ទី១០ចំនួន៦រូបតំណាងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធី ប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ” ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង នៅសណ្ឋាគារ ប្រេស៊ីដង់ ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលកម្មវិធី ប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ” ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ បណ្តុះបណ្តាលសិស្សថ្នាក់ទី១០ និងទី១១ ចំនួន៩០នាក់ ស្រី ៥៣នាក់ស្មើនឹង១៥គម្រោង ក្នុងគោលបំណង៖ ១)មានសមត្ថភាពសរសេរគម្រោងអាជីវកម្មអាចអនុវត្តបាន និងឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចទីផ្សារ ២)យល់ដឹងទម្រង់អាជីវកម្ម និងរបៀបបង្កើតសហគ្រាសអាជីវកម្ម ៣)មានជំនាញលើការវិភាគ និងការស្រាវជ្រាវទីផ្សារអាជីវកម្ម និងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី  និង ៤)បណ្តុះបំណិនភាពជាអ្នកដឹកនាំ ជំនាញទន់ និងបំណិននវានុវត្តន៍ក្នុងការរៀបចំគម្រោងអាជីវកម្ម និងផែនការទីផ្សារ ការប្រកួតប្រជែង និងចេះបង្កើតផលិតផលគំរូ។

ជាការក្រើនរំលឹកចំពោះសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សេរី ជំនះ បានរំលឹកឡើងថា៖ អាជីវកម្មមិនគួរណាផ្តោតអារម្មណ៍តែលើប្រាក់ចំណេញនោះទេ អាជីវកម្មត្រូវផ្តោតលើការចូលរួមដោះស្រាយបញ្ហាសង្គម។

ខ្លឹមសារលើវគ្គបណ្តុះបណ្តាលនេះមាន៖ ត្រៀមខ្លួនដើម្បីចាប់ផ្តើមអាជីវកម្ម ការធ្វើទីផ្សារបែបឌីជីថល ការរៀបចំ និងគ្រប់គ្រងហិរញ្ញវត្ថុ ម៉ូដែលខេនវ៉ាសអាជីវកម្ម ទស្សនៈកិច្ចសិក្សា និងការធ្វើបទបង្ហាញពីការសិក្សាតាមទីតាំងអាជីវកម្ម ឬក្រុមហ៊ុន។

សិស្សចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធី ប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ” ឆ្នាំ២០២៥ ត្រូវកែលម្អផែនការអាជីវកម្ម និងបង្កើតផលិតផលគំរូប្រកួតប្រជែកជាមួយក្រុមទាំង១៥នៅខែកញ្ញា ដើម្បីស្វែងរកគម្រោងជ័យលាភី៥ក្រុមចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។








Comments